24/06/2026
💡ប្រយោជន៍វិជ្ជា
កាលពីអត្ថបទមុនធ្លាប់បាននិយាយពីចំណងជើងមួយថា “វិជ្ជានាំឱ្យទៅជិតអ្នកធំ” ដែលជាការនិយាយប្រយោជន៍មួយជ្រុង។ ចំណែកអត្ថបទនេះ ខ្ញុំនឹងបង្ហាញប្រយោជន៍វិជ្ជាតាមរយៈគំនិតក្នុងសៀវភៅស្រីហិតោបទេសភាគទី១ដោយបកស្រាយតាមគតិយល់ឃើញ។
វិជ្ជា មានន័យថា សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ។ លក្ខណៈរបស់វិជ្ជាគឺកាត់ថ្លៃមិនបាន, មិនចេះរេចរឹលដោយចោរលួចឬចោលប្លន់ កណ្តៀរកោរកណ្តុរកាត់។ វិជ្ជាគេប្រៀបទៅជាស្ពានចម្លងជនពីទាបទៅខ្ពស់, ពីល្ងង់ទៅចេះ, ពីថោកថយ ទៅថ្លៃថ្នូរ, ប្រៀបទៅប្រទីប ភ្លឺទាំងយប់ ទាំងថ្ងៃ, ប្រៀបទៅអាវុធសម្រាប់កាប់ឆ្ការបញ្ហាសព្វបែបយ៉ាង។
នៅក្នុងសៀវភៅនេះ បានពោលថា “វិជ្ជានាំឱ្យមានវិន័យ, វិន័យនាំឱ្យបានសេចក្តីថ្លៃថ្នូរ, សេចក្តីថ្លៃថ្នូរនាំឱ្យបានទ្រព្យសម្បត្តិ, ទ្រព្យសម្បត្តិនាំឱ្យបានធម៌, ធម៌ដឹកនាំឱ្យបានសេចក្តីសុខ”។ ដូច្នេះយើងមើលឃើញប្រយោជន៍វិជ្ជាមាន៖
- វិជ្ជានាំឱ្យមានវិន័យ
អ្នកគោរពវិន័យបានត្រឹមត្រូវគឺជាអ្នកមានវិជ្ជាជាមូលដ្ឋាន តែមិនមែនបានន័យថា មនុស្សល្ងង់មិនគោរពវិន័យទេ តែថាការគោរពឬការដឹងបានអំពីវិន័យឱ្យបានគ្រប់ជ្រុងជ្រោយដូចអ្នកមានវិជ្ជាគឺភាគតិចមែនទែន។ មានឧទាហរណ៍ដូច្នេះ យើងអាចមើលអ្នកចេះច្បាប់ ដឹងប្រពៃណី ដឹងរបៀបស្រុកទេសច្រើនគឺជាមនុស្សមានវិជ្ជានេះឯង។
- វិជ្ជានាំបានសេចក្តីថ្លៃថ្នូរ
នៅក្នុងព្រះពុទ្ធសាសនានិយាយថា បុគ្គល៣ ប្រភេទដែលគេគោរពឱ្យតម្លៃគឺអ្នកមានពូជអំបូរខ្ពង់ខ្ពស់, អ្នកមានវ័យចាស់, និងអ្នកមានចំណេះវិជ្ជា។ កាលពីក្មេង ខ្ញុំចាំបានថា អ្នកមានវិជ្ជាគឺគេគោរពខ្លាំងណាស់ដូចស្រុកខ្ញុំនៅជនបទមានក្មេងៗ គាត់រៀនមកដល់ភ្នំពេញ ពេលទៅស្រុកវិញ គ្មានចាស់ៗណា ហៅដាច់សាច់ថា អានេះឬអានោះឡើយគឺសុទ្ធតែក្មួយៗ បើពេលឆ្លើយតបទៅពួកគាត់អ្នករៀនវិញថា បាទ ចា៎!។ ទោះជាយ៉ាងណា អ្នករៀនជំនាន់នោះ និងជំនាន់នេះគឺខុសគ្នា ខុសត្រង់ថា ក្មេងជំនាន់នោះរៀនយកមកអនុវត្ត ដូចជា សីលធម៌, សុវជីវធម៌ ស្រាមិនផឹក បារីមិនជក់ បើផឹកក៏លាក់លៀម, ជក់ក៏បិទបាំង។ វិជ្ជានេះតែងយឹតយោងជនឱ្យទៅកាន់ទីខ្ពស់ ទៅជិតអ្នកធំ, ក្លាហានក្នុងជំនុំ, សម្តីសំដៅកាយវិកាប្រកបដោយក្រមសីលធម៌, មានវិន័យ មានសុជីវធម៌ក្នុងការរស់នៅ។ នេះហើយជាសេចក្តីថ្លៃថ្នូរដោយសារមានវិជ្ជាជាមូលដ្ឋាន។
- វិជ្ជានាំឱ្យបានទ្រព្យសម្បត្តិ
យសសក្តិ ឋានៈ តួនាទី មហាសេដ្ឋី សុទ្ធតែដោយសារវិជ្ជា។ យើងអាចលើកសេដ្ឋីលើពិភពលោកមកជាឧទាហរណ៍បានដូចជា Elon Musk, Mark Zuckerberg, Bill Gate ជាដើម ។ ព្រោះតែវិជ្ជាបានធ្វើឱ្យពួកគាត់ក្លាយជាកំពូលមនុស្សលើទ្រព្យសម្បត្តិ។
- វិជ្ជានាំឱ្យបានធម៌
អ្នកមានវិជ្ជាងាយរៀនធម៌ បដិបត្តិធម៌ ប្រសើរជាងមិនមានវិជ្ជា ព្រោះអ្វី? ព្រោះថា វិជ្ជា មានសេចក្តីថ្លៃថ្នូរ មានវិន័យ មានទ្រព្យសម្បត្តិ ក្នុងខ្លួនរួចទៅហើយ មិនខ្វល់ខ្វាយនឹងការរស់នៅ ហូបចុកឡើយ ។ ដូច្នោះ បលិពោធ គ្រឿងសៅហ្មងមានតិចណាស់, មិនតែប៉ុណ្ណោះវិជ្ជា ដែលជាមូលដ្ឋានធ្លាប់គិត ធ្លាប់សន្សំមានស្រាប់ រឹងរឹតតែធ្វើឲឱ្យការសិក្សាបដិបត្តិធម៌ ឆាប់ចាប់បាន ។
- វិជ្ជានាំឱ្យបានសេចក្តីសុខ
ដូចគ្នាដែរ សេចក្តីសុខរបស់មនុស្ស គឺផ្លូវកាយ និងផ្លូវចិត្ត ហើយរបស់ដែលនាំឱ្យបានរបស់ទាំងពីរនេះ គឺវិជ្ជានេះឯង។ វិជ្ជានាំឱ្យបានទ្រព្យសម្បត្តិ ជាគ្រឿងចិញ្ចឹមខ្លួន មានផ្ទះសម្បែង គ្រឿងហូបចុក ស្លៀកពាក់ ចំណែកវិជ្ជានាំឲ្យបានធម៌ ជារបស់ធ្វើឲ្យសេចក្តីសុខផ្លូវចិត្ត ព្រោះបានសិក្សាគោលការណ៍ របៀបធ្វើឱ្យចិត្តស្ងប់។ នេះឯងដែលហៅថា វិជ្ជានាំឱ្យបានសេចក្តីសុខ។
សរុបមក ប្រយោជន៍នៃវិជ្ជាមានប៉ុណ្ណេះឯង តែសូមជ្រាបថា វិជ្ជាដែលលើកមកនិយាយនេះគឺសំដៅលើសុវិជ្ជា, វិជ្ជាត្រឹមត្រូវ មិនបំផ្លិចបំផ្លាញអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួន បក្សពួកខ្លួន៕
…………………………………….។
សូមជួយបញ្ចេញមតិយោបល់!
ប្រភពហ្វេសប៊ុក Sok Bunheang
24/06/2026
គ្រួសារស្តុកស្តម្ភ នឹងតាំងនៅមិនបានយូរ ព្រោះហេតុ ៤យ៉ាង:
១-របស់បាត់ មិនតាមរក ។
២-របស់ចាស់ទ្រុឌទ្រោម មិនចេះជួសជុលជាថ្មី ។
៣-មិនចេះប្រមាណក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ ។
៤-តាំងបុរស ឬស្រ្តី ដែលគ្មានសីលធម៌ជាធំក្នុងគ្រួសារ ។
បង្ហាញទាំង ៤ ខាងលើនេះ ជាមូលហេតុនៃសេចក្តីវិនាស។វង្សត្រកូលនោះ ទោះជាស្តុកស្តម្ភយ៉ាងណាក្តី បើមនុស្សក្នុងគ្រួសារនោះ ខ្វះគំនោលសេដ្ឋកិច្ច ឬខ្វះសីលធម៌ មិនយកចិត្តទុកដាក់និងរបស់ដែលបាត់ របស់ខូចល្មមជួសជុលប្រើតទៅទៀតបាន មិនរវល់បណ្តោយឲ្យទៅដូច្នេះ ប្រើប្រាស់ទ្រព្យខ្ជីរខ្ជារ មិនដឹងមុខក្រោយ ជាពិសេស មេគ្រួសារនោះ គ្មានមារយាទ សណ្តាប់ធ្នាប់ (សីលធម៌) ផង រិតតែនាំឲ្យវិនាសហិនហោចទៅទៀត។
កុំថាតែទ្រព្យសម្បត្តិជាគ្រឿងសង្ហារិម សូម្បីអសង្ហារិម ដូចជាផ្ទះ ដីធ្លីជាដើម ក៏គង់អន្តរាយដែរ។
ក្នុងកុលចិរដ្ឋិតិធម៌ គឺ ធម៌សំសម្រាប់ធ្វើឲ្យវង្សត្រកូល ក្រុមគ្រួសារ អាចឋិតឋេរ តពូជពង្សតំណែលបានយូរ ព្រះសម្មាសម្ពុទ្ធបានបង្ហាញគោលធម៌ ៤ យ៉ាង សម្រាប់អនុវត្តិ គឺ៖
១-នដ្ឋគវេសនា របស់បាត់ របស់អស់ ចេះរកទុក ។
២. ជិណ្ណបដិសង្ខរណា របស់ចាស់ទ្រុឌទ្រោម ចេះជួសជុលប៉ះប៊ុន ។
៣. បរិមិតាបាណភោជនា ស្គាល់ប្រមាណក្នុងការបរិភោគ ក្នុងការប្រើប្រាស់ ។
៤. អធិបច្ចសីលវន្តស្ថាបនា តែងតាំងអ្នកមានសីលធម៌ឲ្យធ្វើជាមេផ្ទះ ។
ផ្ទះក៏ដូចជាសង្គម ហើយក៏ដូចជាប្រទេសដែរ កាលណាមានអ្នកដឹកនាំមិនល្អ ផ្ទះ សង្គម ប្រទេសនោះ នឹងដល់ការ វិនាសអន្តរាយជាពុំខាន ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងរឿង អបាយមុខក្តី សុខរបស់គ្រហស្ថអ្នកគ្រប់គ្រងគ្រួសារតាំងនៅយឺនយូរ ត្រូវធ្វើយ៉ាងណាក្តី ជាការសំដែងឲ្យមនុស្សចេះប្រយ្នត័ចាត់រឿងសេរកិច្ច តែជាសេដ្ឋកិច្ចដែលទាក់ទងទៅនឹងសីលធម៌។បានសេចក្តីថា មនុស្សនឹងទៅជាមនុស្សមានសីលធម៌ល្អត្រឹមត្រូវបាន លុះត្រាតែមានគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្តល់សេចក្តីត្រូវការរបស់រាងកាយដែរ ។ សីលធម៌របស់មនុស្សពិតជាពិបាកនឹងកើតមានណាស់ បើសិនជាសេដ្ឋកិច្ចផ្ទាល់ខ្លួននៃមនុស្សម្នាក់ៗ ពុំមាន វឌ្ឍនភាព ឬពុំបានប្រព្រឹត្តនៅក្នុងភាពថ្លៃថ្នូរ ។ ហេតុនេះហើយ ទើបព្រះសម្មាសម្ពុទ្ធ បានបង្រៀនមនុស្សសង្កត់ធ្ងន់ទៅលើសេដ្ឋកិច្ច ។
សូមបញ្ជាក់ថា គំនោលសេដ្ឋកិច្ចនៃប្រយោជន៍ក្នុងបច្ចុប្បន្នរបស់ព្រះសម្មាសម្ពុទ្ធទីមួយ គឺ ការខំប្រឹងប្រកបអាជីវកម្ម ឲ្យកើត ឲ្យមានទ្រព្យសម្បត្តិនោះ ត្រូវនិងគំនោលសេដ្ឋកិច្ចបឋម គឺ Production (ផលិតកម្ម) ។
ព្រោះវិជ្ជាសេដ្ឋកិច្ច ទើបកើតក្រោយព្រះពុទ្ធសាសនា ប្រហែលជាងមួយពាន់ឆ្នាំ ។ ចំណែកគំនោលទី២ គឺការចេះដឹង ស្គាល់ របៀបទុកដាក់ទ្រព្យ ដែលគេបានមក ហើយត្រូវនឹងគំនោលសន្សំសំចៃទ្រព្យសម្បត្តិ (Saving) ។
គំនោលទី៣ គឺការចេះសេពគប់មិត្ត មានចិត្តស្មោះត្រង់ មានភាពវ័យឆ្លាត មានគំនិតជួយគ្នាទៅវិញទៅមក ។ គំនោលនេះប្រៀបបាននិងអង្គការ សហគមន៍ សហករណ៍ ដែលមានការចាំបាច់ត្រូវជ្រើសរើស បុគ្គលដែលមានឧត្តមគតិខ្ពស់ ក្នុងចំណោមបុគ្គលជាសមាជិក ដើម្បីចាត់ការដឹកនាំ ក្នុងឋានៈជាក្រុមអភិបាល ឬគណៈកម្មការនាយក នៅក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ជីវភាពរបស់សមាជិកដោយប្រកាន់យកប្រយោជន៍រួមជាធំ។ គំនោលចុងក្រោយ គឺ ប្រើប្រាស់ ចាយវាយទ្រព្យសម្បត្តិ ឲ្យល្មមសមគួរដល់ឋានៈរបស់ខ្លួន ឬរស់នៅត្រឹមតែរបស់នោះ ដែល ភាសាសេដ្ឋកិច្ចហៅថា House hold budget ប្រែថា ថវិកាប្រចាំគ្រួសារ នេះសម្រាប់ឯកជន ។ បើរដ្ឋគេហៅថា
The nation economic budget ប្រែថា ថវិកាជាតិ ។ និយាយឲ្យខ្លី បានដល់ការពិនិត្យ ត្បិតត្បៀតចំណូលចំណាយ ឲ្យមានតុល្យភាពស្មើៗគ្នា ត្រូវនិងពាក្យពុទ្ធសាសនាថា សមជីវិតាដែលមានចែងក្នុងទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ននេះឯង។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្ដែងអំពីជំនួញ ៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្ត គឺ៖
១- សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយហើយលក់គ្រឿងសាស្ត្រាវុធនោះ ។
២- សត្តវណិជ្ជា ជួញមនុស្ស គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បីធ្វើជាទាសាទាសីរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែបណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធស្មើគ្នាក្នុងការរស់នៅមានសេរីភាព។
៣- មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដើមលុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់ ។
៤- មជ្ជវណិជ្ជា ជួញទឹកស្រវឹង ឬគ្រឿងស្រវឹង គ្រឿងញៀន គឺផ្សំគ្រឿងណាមួយឲ្យកើតឡើងជាគ្រឿងស្រវឹងដោយខ្លួនឯង ឬទិញគេយកមកហើយលក់នូវទឹកស្រវឹង គ្រឿងស្រវឹងនោះ ។
៥- វិសវណិជ្ជា ជួញថ្នាំពិស ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ ហើយលក់នូវថ្នាំពិស ថ្នាំពុលនោះ ។
ជំនួញ៥ប្រការនេះឧបាសក ឧបាសិកា ពុទ្ធបរិស័ទមិនគប្បីជួញឡើយព្រោះជាហេតុនាំមកនូវអសន្តិសុខ អសន្តិភាព ការជួញនូវជំនួញទាំង៥នេះមានឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែលផ្ទុយអំពីសម្មាអាជីវៈ ។
ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា នឹងនាំក្តីចម្រុងចម្រើន នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាម។
24/06/2026
💡 តស់! វិភាគកាព្យភាសិត ដ្បិតតែអានទៅងាយយល់ តែអត្ថន័យខ្លឹមល្អណាស់ទាន។ 🙏🏽🤍
ឃ្លាថា “កុំចាយតាមចំណង់”
ពិតណាស់ចំណង់របស់មនុស្សគ្មានដែនកំណត់ទេ យើងឃើញមនុស្សខ្លះគាត់ចាយមានដែនកំណត់មែនពិត ព្រោះគាត់អាចគ្រប់គ្រងចំណង់របស់គាត់បាន ដោយសារតែគាត់ដឹងលំបាកពេលដែលគ្មាន គាត់ដឹងអត់ឃ្លានពេលដែលខ្វះហូប គាត់ដឹងថាថវិការកមកដោយលំបាក។ ពាក្យចាស់មួយទៀតពោលថា “មនុស្សនិងប្រាក់ យក្សនិងសាច់” ចំណង់របស់មនុស្សនេះសូម្បីយក្សមួយក៏ស៊ីអស់ដែរ។ ម្ល៉ោះហើយឃ្លានេះលោកចែងថា “កុំចាយតាមចំណង់” ពិសេសប្អូនៗយុវវ័យដែលកំពុងចាយលុយឪពុកម្ដាយ ព្រោះបើជីវភាពយើងមិនជាធូរធារអីដូចគេ ស្របនឹងសម្ភារនិយមសម័យថ្មីគេផលិតទាក់ទាញទំនោរអារម្មណ៍របស់មនុស្ស ហើយយើងទៅចាយតាមចំណង់ទៀតនោះ ច្បាស់ណាស់វាឆ្ងាញ់បានតែមួយភ្លែត វាបំពេញទំនោរអារម្មណ៍បានតែមួយភ្លែត វាលូយបានតែមួយភ្លែត លុះស្អែកឬខានស្អែកមុខតែអត់អីហូប ឬមានហូបដែរតែហូបចុងមាត់ចុងក។ ជួនក៏មានកិច្ចសំខាន់អ្វីបន្ទាន់ ដូចជាឈឺថ្កាត់ ដូចជាបញ្ហាអ្វីផ្សេងៗ តើយើងនឹងដោះស្រាយវាដោយមិនប្រើថវិកាកើតទេ ដូច្នេះនៅតែពាក្យដដែល គឺ “កុំចាយតាមចំណង់”។
ឃ្លាថា “កុំចង់តាមតែគ្នា”
ចង់អ្វីក៏ដោយ មិនថាចង់បែបវិជ្ជមាន ឬបែបអវិជ្ជមាន ការដែលចង់តាមតែគ្នានោះសុទ្ធតែប្រថុយប្រថាន។ ចង់រៀនពីនេះពីនោះតាមគ្នា ត្រូវមើលវេលាថាអាចបែងចែកបានប៉ុន្មានមុខវិជ្ជាក្នុងមួយថ្ងៃ ចង់បានទូរស័ព្ទល្អឬម៉ូតូថ្មី ត្រូវមើលកម្រៃរបស់ឪពុកម្ដាយ ចង់ធ្វើបុណ្យដោយមិនមានចិត្ដសោកស្ដាយត្រូវមើលលើកម្លាំងទ្រព្យ។ ចង់អ្វីក៏ដោយត្រូវគិតពីលទ្ធផលនៃចំណង់ ថាគេដូចយើងឬខុសយើងត្រង់ណា សមត្ថភាពគេសមត្ថភាពយើង ជីវភាពគេជីវភាពយើង កម្រៃគ្រួសារគេកម្រៃគ្រួសារយើង ពេលវេលាគេពេលវេលាយើង លទ្ធផលគេលទ្ធផលយើង ថាខុសគ្នានិងដូចគ្នាត្រង់ណា ដូច្នេះសម្រេចថា “កុំចង់តាមតែគ្នា”។
ឃ្លាថា “កុំរាតាមគេថា”
គេថា គេប្រាប់ គេបញ្ជោរ គេញុះញង់ ឬគេជេរស្ដី គ្រប់ពាក្យគេថាទាំងអស់ទោះក្នុងចេតនាល្អក្ដី ត្រូវតែឆ្លងកាត់គំនិត ពាក្យណាត្រូវយកមកគិត ពាក្យណាត្រូវបោះចោល តែមិនមែនចាប់ផ្ដើមភ្លាមពាក្យណាត្រូវធ្វើតាមគេនោះទេ។ បុរាណភាសិតពោលថា “ជ្រៃលោមស្រឡៅ ត្រាវលោមបឹង” ពាក្យខ្លះថាយ៉ាងពីរោះស្រទន់ តែក្នុងចេតនាអាក្រក់ ថាដោយល្បួង ថាដោយបញ្ជោរ (ប្រជាភិថុតិ) ជាពិសេសមនុស្សតក្កវិជ្ជានេះតែម្ដង គឺជំនាញខាងថ្វីមាត់។ ចំយើងជាមនុស្សត្រចៀកស្រាលផងនោះ (ខ្លះហៅថាត្រចៀកស) មុខតែជឿតាមគេថា មុខតែរាតាមគេថា (អប្បបញ្ញា) គេដឹកទៅឆ្វេង គេដឹកទៅស្ដាំ លទ្ធផលក្លាយជាកូនអុករបស់គេ ក្លាយជាឈ្នាន់ក្នុងការរកផលចំណេញឱ្យគេ លទ្ធផលនេះមិនល្អទេអ្នកអើយ ដូច្នេះ “កុំរាតាមគេថា”។
ឃ្លាថា “កុំហ៊ឺហាតាមគេមាន”
ចុះបើហ៊ឺហាតាមគេអ្នកមាន តើនឹងមានរឿងអ្វីកើតឡើង? អត្ថន័យដូចឃ្លាទីមួយអ៊ីចឹង អ្នកមានគេហ៊ឺហាហើយគេដេកហួច គេដេកច្រៀង ព្រោះគេមានមុខរបរធំដុំ គេមានប្រាក់កម្រៃច្រើនអាចផ្គត់ផ្គង់ជីវភាពបានហូរហៀរ។ ឯងវិញខ្លះនៅចាយលុយម៉ែឪ (ម៉ែឪក្រ) ខ្លះទៀតមានការងារនិងមុខរបរ តែត្រដរផ្គត់ផ្គង់ជីវភាពសឹងមិនគ្រប់។ បើមិនចេះទប់ចំណង់ ហើយនៅតែចង់ហ៊ឺហាតាមគេអ្នកមាន ពេលលំបាកពេលអត់ឃ្លាន មុខតែគ្មានអ្នកហុច បុរាណភាសិតពោលថា “ អនិច្ចាសត្វមូស ឃើញដំរីជុះ ប្រឹងចុះតាមដំរី” ខ្លួនតូចគូទតូចមិនចេះលៃ ចង់ត្រាប់តាមដំរី មុខតែក្ស័យខ្លួន។ ឯវំ!
សុភាសិតយោងសុភាសិត៖
១,កុំចាយតាមចំណង់... (Hak Sienghai )
២,មនុស្សនិងប្រាក់ យក្សនិងសាច់ (បុរាណ)
៣,ជ្រៃលោមស្រឡៅ ត្រាវលោមបឹង (បុរាណ)
៤, ឃើញដំរីជុះ កុំប្រឹងជុះតាមដំរី (បុរាណ)
វិភាគបកស្រាយ៖ សុភាសិត កាព្យខ្មែរ
My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/.dhamma.monk
_ YOUTUBE : youtube.com/
23/06/2026
សំដីជាឯក. លេខជាទោ. អក្សរជាត្រី
គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្តុកចិត្តមួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង គប់ពាលសៅហ្មងជាប្រក្រតី ។
***************************
គោលនៃជំនឿយោ ច សទ្ទបរិត្តាសី វនេ វាតមិគោ យថា
លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។
«បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។
បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល
ពោលគឺអ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។
ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធី
បដិបត្តិក្នុងរឿងដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈ
មុននឹងជឿរឿងណាមួយថាពិតឬមិនពិត ចំនួន ១០ យ៉ាង ដូចតទៅនេះ
១)មា អនុស្សវេន កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២)មា បរម្បរាយ កុំអាលជឿព្រោះទំនៀមទម្លាប់។
៣)មា ឥតិកិរាយ កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤)មា បិដកសម្បទានេន កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥)មា តក្កហេតុ កុំអាលជឿព្រោះហេតុនៃតក្កវិជ្ជា ។
៦)មា នយហេតុ កុំអាលជឿព្រោះលំនឹកស្មាន ។
៧)មា អាការបរិវិតកេ្កនកុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែល ពិនិត្យពិច័យហើយ។
៩)មា ភព្វរូបតាយ កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។
១០)មា សមណោ នោ គរូតិ កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូប នេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា
«លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថារឿងទាំងអស់នោះជា អកុសល
ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬ បដិបត្តិតាម ។
23/06/2026
ប្រយោជន៍ មាន ៣ យ៉ាង គឺ ទិដ្ឋធម្មិកត្ថៈ ជាប្រយោជន៍បច្ចុប្បន្ន, សម្បរាយិកត្ថៈ ជាប្រយោជន៍ចំពោះបរលោក, បរមត្ថត្ថៈ ជាប្រយោជន៍ក្នុងឃើញព្រះនិព្វានដោយអរិយមគ្គ ។
ប្រសិនបើ មានបុគ្គលណានីមួយ មានជំងឺកើតឡើង ទោះជាជំងឺខ្មោចចូល ខ្មោចធ្វើក៏ដោយ ហើយប្រាថ្នាជាពីជំងឺនោះ ជាប្រយោជន៍បច្ចុប្បន្នដែលពួកគាត់ត្រូវការ បើខ្ញុំអាចផ្សាយមេត្តា ចម្រើនព្រះបរិត្តឲ្យពួកគាត់ជាបាន ខ្ញុំក៏ធ្វើ សុខចិត្តឲ្យអស់លោកជេរខ្ញុំថា អាគ្រូខ្មោច ទៅចុះ ។ ដូចជាតេជគុណ ឡុង កាលពី ៦ ឆ្នាំមុន ឆ្កែខាំហើយកើតជំងឺឆ្កែឆ្កួត ពេទ្យមិនអាចព្យាបាលបាន ហើយលោកអស់សង្ឃឹមក្នុងជីវិត តក់ស្លុតភ័យនឹងសេចក្តីសម្លាប់ ពេលខ្ញុំបានដឹង ក៏ផ្សាយមេត្តា ចម្រើនព្រះបរិត្តដេញបណ្ដេញពិសឆ្កែចេញពីលោក ហើយក៏បានជាសះស្បើយ មានជីវិតរស់បន្តទៀត លោកសប្បាយព្រះទ័យរីករាយក្នុងប្រយោជន៍បច្ចុប្បន្ន ទោះគេជេរហៅខ្ញុំថា អាគ្រូឆ្កែឆ្កួត ក៏ខ្ញុំព្រមទទួល ។
ការដល់ព្រះត្រៃសរណគមន៍ ការធ្វើទាន បរិច្ចាគ រក្សាសីល ដោយមានសទ្ធាជាដើម និងការប្រមូលចងក្រងជាក្បួនខ្នាតគម្ពីរព្រះពុទ្ធសាសនាឲ្យព្រះសទ្ធម្មតាំងនៅ បើជេរខ្ញុំថា អាគ្រូ សម្បរាយិកត្ថៈ ក៏ខ្ញុំព្រមទទួល ។
ការចម្រើន ភាវនា សមាធិកម្មដ្ឋាន វិបស្សនា ដោយតម្រង់ឆ្ពោះទៅរកព្រះនិព្វាន ដើម្បីបាននូវអរិយមគ្គ ឬជាឧបនិស្ស័យសម្រាប់ការបាននូវអរិយមគ្គ បើជេរខ្ញុំថា អាគ្រូ បរមត្ថត្ថៈ ក៏ខ្ញុំព្រមទទួល ។
ប្រយោជន៍មាន ៣ ប្រការនេះឯង !My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/.dhamma.monk
_ YOUTUBE : youtube.com/
23/06/2026
ព្រះពុទ្ធសាសនា ជាសាសនាចង្អុលបង្ហាញ ប្រាប់អំពីហេតុផលនិងណែនាំអប់រំឲ្យសត្វលោកដើរ ក្នុងផ្លូវត្រូវគឺផ្លូវនៃសេចក្ដីសុខ ចម្រើនដែលសត្វលោកខ្លួនឯងប្រាថ្នាចង់បានព្រះពុទ្ធសាសនាគឺ ជា ផែនទីនៃជីវិតសត្វលោក ឯការប្រព្រឹត្ដរបស់សត្វលោកគឺជា ការដើរផ្លូវ ។ ព្រះពុទ្ធសាសនា បានបង្ហាញប្រាប់ផ្លូវនៃសេចក្ដីសុខមាន ៣ ប្រការគឺការមិនធ្វើនូវអំពើអាក្រក់ទាំងពួង១ ការបំពេ ញនូវ សេចក្ដីល្អ១ និងការសម្អាតចិត្ដរបស់ខ្លួនឲ្យបានស្អាតផូរផង់១ ។
អំពីការមិនធ្វើនូវអំពើអាក្រក់ទាំងពួង
ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង សំខាន់បំផុតគឺការមិនបៀតបៀនអ្នកដទៃសេចក្ដីសុខដែលកើត មកពីការមិនបៀតបៀនអ្នកដទៃជាសេចក្ដីសុខដ៏ធំទូលាយ និងជាគ្រឹះនៃសេចក្ដីសុខថ្នាក់ខ្ពស់ត ទៅទៀតផង ។ មនុស្សយើងជាទូទៅ កាលដែលស្វែងរកនូវសេចក្ដីសុខសម្រាប់ខ្លួន រមែងស្វែង រកនូវវត្ថុដែលខ្លួនពេញចិត្ដ វត្ថុដែលខ្លួនស្រឡាញ់ត្រូវការចង់បានដោយរួមប្រមូល នូវវត្ថុទាំងអស់ មក វាស្ថិតនៅក្នុង ៥ ចំណុចៈ
១ -រូបជាទីពេញចិត្ដសម្រាប់ប៉ះនឹងភ្នែក
២ -សំឡេងជាទីពេញចិត្ដសម្រាប់ប៉ះនឹងត្រចៀក
៣ -ក្លិនជាទីពេញចិត្ដសម្រាប់ប៉ះនឹងច្រមុះ
៤ -រសជាទីពេញចិត្ដសម្រាប់ប៉ះនឹងអណ្ដាត
៥ -ផោដ្ឋព្វៈជាទីពេញចិត្ដសម្រាប់ប៉ះនឹងកាយ ។
ព្រោះហេតុតែសេចក្ដីត្រូវការនូវវត្ថុបំណងដែលមាននូវចំណុចជាទីពេញចិត្ដ ៥ មុខនេះមនុស្ស យើងក៏ចូលដល់ការបៀតបៀនអ្នកដទៃដើម្បីដណ្ដើមយកនូវអ្វីៗដែលខ្លួនឯងពេញចិត្ដ។ ការបៀតបៀនអ្នកដទៃវាកើតមកអំពីចិត្ដដែលប្រាសចាកនូវសតិសម្បជញ្ញៈចិត្ដមេត្ដាចិត្ដមិន មាននូវសេចក្ដីសុខ ស្ងប់ព្រោះហេតុតែ ចិត្ដមានសភាព វរវឹកជាទុក្ខយ៉ាងនេះហើយ ទើបបាន បញ្ចេញនូវសកម្ម ភាពធ្វើឲ្យអ្នកដទៃមានសេចក្ដីទុក្ខផងធ្វើឲ្យសង្គមជាតិវរវឹកមិនមានសេចក្ដីស្ងប់ ផង ។
ដើម្បីការមិនបៀតបៀនអ្នកដទៃ មនុស្សយើងត្រូវតែអប់រំចម្រើននូវធម៌មេត្ដាឲ្យមានក្នុងចិត្ដដែល គេតែងហៅថា មនុស្សមានធម៌ក្នុងខ្លួន តាមពិត ចិត្ដដែលមេត្ដា ជាចិត្ដមាននូវសេចក្ដីសុខ មនុស្ស យើងត្រូវចេះស្វែងរក សេចក្ដីសុខពីក្នុងចិត្ដរបស់ខ្លួនឯងផង កុំចេះតែស្វែងរក សេចក្ដីសុខពីវត្ថុ ខាងក្រៅនោះព្រោះកាលណាបើមាននូវសេចក្ដីសុខក្នុងចិត្ដហើយ ក៏ព្រមឲ្យអ្នកដទៃបានសេចក្ដី សុខផងដែរ បែបនេះ សង្គមជាតិក៏រមែងមានសេចក្ដីសុខស្ងប់ជាពិតប្រាកដ។
ទឹកចិត្ដមេត្ដាគឺប្រាថ្នាឲ្យអ្នកដទៃបានសុខបានចម្រើនកើនប្រយោជន៍ដោយមានខ្លួនឯងជាឧបមា នៅពេលដែលនឹកគិតទៅរកបុគ្គលណា មេត្ដាកើតឡើងប្រាថ្នាឲ្យបុគ្គលនោះបាន សេចក្ដីសុខ អប់រំចិត្ដយ៉ាងនេះហ្វឹកហាត់គំនិតយ៉ាងនេះរឿយៗជាប្រក្រតីទោះជានៅក្នុងផ្ទះក្ដី សូមឲ្យអ្នកដទៃ បានសេចក្ដីសុខ ។ ការដែលមិនធ្វើនូវអំពើអាក្រក់ទាំងពួងព្រោះមកអំពីមានសេចក្ដីសុខនៅក្នុង ចិត្ដសេចក្ដីសុខនេះមានជាតិជាកុសល ជាសេចក្ដីសុខដែលប្រាសចាកគំនុំគុំកួនប្រាសចាកការ ច្រណែន ប្រាសចាកគំនិតបៀតបៀន និងប្រាសចាកគ្រឿងសៅហ្មងរបស់ចិត្ដផ្សេងៗទៀត ។
មនុស្សយើងម្នាក់ៗ រមែងមានទំនាក់ទំនងជាមួយអ្នកដទៃ ដូចជាមាតាបិតា និងបងប្អូនជាដើម កាល ណា បើយើងប្រព្រឹត្ដនូវអំពើឆ្គាំឆ្គង ជាអំពើដែលមនុស្សក្នុងសង្គមតិះដៀលឈ្មោះថាយើង បៀតបៀនដល់មាតាបិតានិងបងប្អូនរបស់យើងជាដើមដោយពិតព្រោះធ្វើឲ្យមាតាបិតានិងបងប្អូន ជាដើមនោះៗមានទុក្ខផ្លូវចិត្ដ ដោយខ្មាសអ្នកដទៃដូច្នេះហើយទើប អ្នកដែលមានមេត្ដាធម៌ ក្នុង ខ្លួន មុននឹងធ្វើអំពើអ្វីៗតែងគិតអំពើរបស់ខ្លួន ។
ភរិយានិងស្វាមីជួបគ្នាថ្មីថ្មោង ច្រើនដោយសេចក្ដីស្រលាញ់តាម បែបកិលេសក្នុងចិត្ដ លុះដល់ សេចក្ដីស្រលាញ់ តាមបែបកិលេសក្នុងចិត្ដនោះ មានការថយចុះ ហើយមេត្ដាចូលមកជំនួស ភរិយានិងស្វាមីនោះរមែងរួមរស់ជាមួយគ្នា ដោយសុខសាន្ដ មិនមានការឈ្លោះ ទាស់ទែងបែក បាក់គ្នាឡើយ ។ មេត្ដានាំឲ្យមនុស្សយើងមានសុជីវធម៌ និងមានសីលធម៌ក្នុងការរស់នៅ ធ្វើអ្វីៗ តែងគិត ក្រែងអ្នកដទៃ មានសេចក្ដីទុក្ខលំបាកដោយសារខ្លួន មិនត្រឹមតែប៉ុណ្ណោះមេត្ដានាំឲ្យ មនុស្សយើង មានចិត្ដរីករាយក្នុងការជួយអ្នកដទៃទៀតផង ។
កាលដែលចិត្ដ មិនទាន់មានការអប់រំមិនទាន់ចម្រើនដោយ អរិយធម៌ចិត្ដចេះត្រេកអរតែ ពីខាង បាននូវទ្រព្យសម្បត្ដិផ្សេងៗ ចេះរីករាយក្នុងការទទួលយក តែមិនត្រេកអររីករាយក្នុង ការឲ្យទាន ដល់អ្នកដទៃឡើយ លុះដល់ចិត្ដបានទទួលការអប់រំបានចម្រើនលុះទៅដោយអរិយធម៌ចិត្ដ ក៏ចេះ ត្រេកអររីករាយក្នុងការបរិច្ចាគជួយសង្រ្គោះដល់អ្នកដទៃផង
មាតាបិតាប្រាថ្នាប្រយោជន៍ដល់កូនប្រុសស្រី ធ្វើការងារបំពេញតួនាទីរបស់ខ្លួន សង្រ្គោះដល់កូន ប្រុសស្រីលុះដល់បានឃើញកូនប្រុសស្រីមានសេចក្ដីសុខ មាតាបិតាក៏មានចិត្ដជាសុខដូច្នេះ នៅ ក្នុងលោកនេះ មិន មែនមានតែសុខព្រោះការបាននូវវត្ថុទាំងពួងនោះទេ គឺពិតជាមានសេចក្ដីសុខ ព្រោះការបរិច្ចាគនូវវត្ថុទាំងពួងផងដែរ ដែលជាសេចក្ដីសុខតាមផ្លូវចិត្ដប្រកបទៅដោយមេត្ដាធម៌ និងសេចក្ដីសុខក្សេមផ្សេងៗទៀត តាមរយៈនៃការអប់រំចម្រើន នូវកុសលធម៌ទាំងពួង។
សូមមនុស្សទាំងឡាយ ក្រងនូវកុសលធម៌ ដើម្បីឲ្យខ្លួនបានទៅជាមនុស្សដ៏ល្អ ដូចជាអ្នកក្រងផ្កា បានរើសយកផ្កាដែលល្អៗ មកក្រង សម្រេចបានទៅជាភួងមាលា ដ៏ល្អយ៉ាងនោះឯង ។ សូម មនុស្សទាំងឡាយស្វែងរក សេចក្ដីសុខពីក្នុងចិត្ដរបស់ខ្លួនឲ្យបានច្រើន សូមចេះត្រេកអរនឹងអំពើ ល្អ របស់ខ្លួនសូមកុំបៀតបៀនសត្វដទៃ និងសូមកុំធ្វើនូវបាបទាំងពួងឡើយ។
My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/.dhamma.monk
_ YOUTUBE : youtube.com/
23/06/2026
ទស្សនវិស័យសេដ្ឋកិច្ច របស់ព្រះពុទ្ធសាសនាចែកជាពីរផ្នែកគឹ ផ្នែកសេដ្ឋកិច្ចជាន់ទាប និងផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់។
ផ្នែកសេដ្ឋកិច្ចជាន់ទាប
ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លូនរបស់មនុស្សម្នាក់ៗ ឬ គ្រួសារនីយមួយដូចជា៖
ក.ការតាំងខ្លួននៅក្នុងឋានៈម៌ាគាតាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ ប្រការ៖
ការសំភីសង្វាតរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូប និងគ្មានរូប
ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិឬចេះសន្សំសំចៃ
ការចេះសេពគប់នឹងមិត្តសំលាញ់ មានចរិយាថ្លៃថ្នូរឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ
ការចេះចាយវាយឱ្យសមគូរដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុង សភាពសន្តោស។
ខ.ការវៀចាកអបាយមុខ ៤ ប្រការដែលនាំឱ្យសូន្យទ្រព្យ
ជាអ្នកប្រព្រឹត្តល្បែងស្រី
ជាអ្នកប្រព្រឹត្តល្បែងស្រា
ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
ជាអ្នកសេពគប់មនុស្សអាក្រក់ដោយគ្មានកែ គ្មានច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ
គ.ប្រកាន់យកនូវសុខ ៤ ប្រការ
សុខកើតពីការមានទ្រព្យ ដែលបានពឹងកម្លាំងធ្វើការផ្ទាល់ខ្លួន
សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
សុខកើតអំពីការមិនជំពាក់បំណុលគេ
សុខកើតអំពីការប្រកបអាជីវកម្ម ដែលគ្មានទោស
ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់
ដំបូងបង្អស់មនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឃនភាពនៅក្នុង កម្រិតមធ្យម រហូតដល់កម្រិតខ្ពស់ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើជាចៅហ្វាយនាយ នៃសេចក្តីត្រូវការមានន័យថាព្យាយាម លុះត្រាតែបានសម្រេច បើមិនបានកុំឈប់ កុំថយក្រោយ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា “បរមត្ថប្រយោជន៍” នឹងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មីនិងសេដ្ឋកិច្ចសម្រាប់ជីវិត ព្រះនិព្វាន
My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/.dhamma.monk
_ YOUTUBE : youtube.com/
23/06/2026
ព្រះពុទ្ធសាសនាមានលម្អ ៣ យ៉ាងគឺ៖
- លម្អបទដើម ដោយការវៀរចាកអំពើបាបគ្រប់យ៉ាង
- លម្អបទកណ្តាលដោយការចម្រើនកុសលឲ្យដល់ព្រម (ទាន,សីល...)
- លម្អបទចុងដោយការដុសខាត់សម្អាតចិត្តរបស់ខ្លួនឲ្យផូរផង់ (មានលោភៈ ទោសៈ និងមោហៈ ជាដើម) ។
អំណាចតេជៈ នៃការបូជាថ្វាយទាន ចំពោះព្រះសង្ឃរតន៍ នាពេលនេះ សូមញាតិញោម ពុទ្ធបរិស័ទ ទាយក ទាយិកាម្ចាស់សាមីទាន ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរកើតមានជានិច្ចនិរន្តរ៍ ។
My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/.dhamma.monk
_ YOUTUBE : youtube.com/
23/06/2026
មង្គល ៣៨ប្រការ
១- កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ។
២- កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ។
៣- កិរិយាបូជាដល់បុគ្គលគួរបូជាទាំងឡាយ។
៤- កិរិយានៅក្នុងប្រទេសក៏សមគួរ។
៥- ភារៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងការមុន។
៦- កិរិយាតម្កល់ខ្លួនដោយប្រពៃ។
៧- ភារៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើន។
៨- សិល្បសាស្ត្រគឺសេចក្ដីឆ្លៀវឆ្លាតក្នុងហត្ថកម្ម។
៩- វិន័យដែលបុគ្គលសិក្សាដោយប្រពៃ។
១០- វាចាដែលបុគ្គលពោលត្រឹមត្រូវ។
១១- កិរិយាបំរើនូវមាតា។
១២- កិរិយាបំរើនូវបិតា។
១៣- សេចក្ដីសង្គ្រោះដល់បុត្រ និង ភរិយា។
១៤- ការងារទាំងឡាយដែលមិនច្របូកច្របល់។
១៥- កិរិយាបរិច្ចាគទាន។
១៦- កិរិយាប្រព្រឹត្តនូវធម៌ (កុសលកម្មបទ១០)។
១៧- សេចក្ដីសង្គ្រោះទាំងឡាយដែលមិនមានទោស។
១៨- ការងារទាំងឡាយដែលមិនមានទោស។
១៩- កិរិយាមិនត្រេកអរក្នុងបាប និង កិរិយាវៀរចាកបាប។
២០- សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង។
២១- សេចក្ដីមិនប្រមាទក្នុងធម៌ទាំងឡាយ។
២២- សេចក្ដីគោរពដល់បុគ្គលដែលគួរគោរព។
២៣- កិរិយាប្រព្រឹត្តបន្ទាបខ្លួនឲ្យទន់ភ្លន់។
២៤- សេចក្ដីសន្ដោសចំពោះវត្ថុតាមមានតាមបាន។
២៥- កតញ្ញុតា ការដឹងនូវគុណដែលបានធ្វើហើយ។
២៦- កិរិយាស្ដាប់នូវធម៌តាមកាល។
២៧- សេចក្ដីអត់ធន់ (ខន្ដិសំវរៈ)។
២៨- ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ។
២៩- កិរិយាបានឃើញបានជួបនូវសមណៈអ្នកស្ងប់រម្ងាប់បាននូវបានទាំង
ឡាយ។
៣០- កិរិយាសន្ទនានូវធម៌តាមកាលពេលវេលា។
៣១- កិរិយាព្យាយាមដុតនូវបាបធម៌ក្នុងសន្ដាន។
៣២- កិរិយាប្រព្រឹត្តនូវព្រហ្មចរិយាធម៌។
៣៣- កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ។
៣៤- កិរិយាជាក់ច្បាស់នូវព្រះនិព្វាន (អរហត្តផល)។
៣៥- ចិត្តដែលលោកធម៌ពាល់ត្រូវហើយមិនកម្រើកញាប់ញ័រ។
៣៦- មិនមានសេចក្ដីសោកសៅ។
៣៧- ប្រាសចាកនូវកិលេសទាំងពួង។
៣៨- សភាពនៃចិត្តដែលក្សេមក្សាន។
My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/.dhamma.monk
_ YOUTUBE : youtube.com/
23/06/2026
#ទស្សនវិទូនិងលោកវិទូ
នៅពេលដែលនិយាយដល់ទស្សនវិទូល្បីៗ គេរមែងនឹកដល់ខុងជឺ ឡៅជឺ សូក្រាត ផ្លាតុង អារីស្ដូត... ក្នុងនោះដែរគេក៏រមែងនិយាយដល់ព្រះពុទ្ធមួយអង្គទៀត ដែលគេប្រសិទ្ធិនាមថាជាកំពូលទស្សនវិទូក្នុងលោក។ តើព្រះពុទ្ធពិតជាទស្សនវិទូដ៏កំពូលក្នុងលោកឬ?
បុគ្គលដែលដល់នូវសព្វញ្ញុតញ្ញាណ ជ្រាបច្បាស់នូវត្រៃលោកឥតមានចន្លោះ មានញាណសាគររកបុគ្គលប្រៀបផ្ទឹមមិនបាន ការដែលគិតថាទ្រង់ជាទស្សនវិទូមិនសមសោះឡើយ ហើយក៏មិនគួរពោលដូច្នេះដែរក្នុងនាមជាពុទ្ធសាសនិកអ្នកមានសទ្ធាលើព្រះសម្ពុទ្ធនោះ។ រាល់ទស្សនវិទូទាំងឡាយមិនថាពីបុរាណកាលក្ដី បច្ចុប្បន្នកាលក្ដី នឹងអាចបន្តទៅអនាគតកាលក្ដី គំនិតនៃការយល់ឃើញទាំងនោះសុទ្ធតែជាប់ព័ន្ធនឹងទិដ្ឋុបាទាននៃខ្លួន។ បុគ្គលត្រាស់ដឹងរមែងលះបង់នូវអកុសលធម៌គឺទិដ្ឋិចេញពីសន្តានទាំងស្រុង ជាអ្នកយល់ច្បាស់នូវត្រៃលោក បុរសដ៏ប្រសើរអង្គនោះឈ្មោះថាលោកវិទូ ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់នូវញេយ្យធម៌ទាំងពួងយល់ច្បាស់នូវសច្ចធម៌មិនមានចន្លោះ។
ខ្ញុំចង់ឱ្យលោកអ្នកបែងចែកក៏ដូចជាស្វែងយល់បន្ថែមដើម្បីឱ្យដឹងច្បាស់សេចក្ដីអំពីទស្សនវិទូ និងលោកវិទូ តើខុសគ្នាដូចម្ដេច? ហើយហេតុម្ដេចទើបព្រះពុទ្ធមិនរាប់ចូលក្នុងទស្សនវិទូ? តើលោកវិទូមានលក្ខណៈពិសេសដូចម្ដេច? ទើបទ្រង់ត្រូវបានមានឈ្មោះដូច្នោះ?
ជាការពិតណាស់បើនិយាយដល់ទស្សនវិទូគេរមែងនឹងដល់និយមន័យនៃទស្សនវិជ្ជា ដូច្នោះគេអាចកំណត់បានថាទស្សនវិទូគឺជាអ្នកប្រាជ្ញដែលមានគំនិតប្រកបដោយគតិបណ្ឌិត កើតចេញពីការត្រិះរិះគិតយ៉ាងស៊ីជម្រៅទៅលើបញ្ហាកម្មណាមួយដូចជានយោបាយ ច្បាប់ សេដ្ឋកិច្ច ក៏ដូចជាគតិបណ្ឌិតដែលបម្រើដល់ការរស់នៅជាដើម។ ប៉ុន្តែខុសគ្នាដាច់ស្រឡះ ដែលសព្វញ្ញុត្តញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធមិនមែនកើតចេញពីការអង្គុយរិះគិត ចំពោះបញ្ហាទាំងឡាយដូចដែលអ្នកប្រាជ្ញទស្សនវិទូដោយច្រើនក្នុងសាកលលោកបានធ្វើឡើយ។ ដូច្នេះការរាប់ថាព្រះអង្គជាទស្សនវិទូ ធ្វើម្ដេចនឹងអាចកាន់យកបាន?
បើនិយាយទៅតាមពុទ្ធោវាទមួយចំនួនរបស់ព្រះអង្គ ដូចជាគាថាខ្លីៗ ព្រះសូត្រខ្លីៗ សុទ្ធសឹងតែបានបម្រើដល់ផលប្រយោជន៍របស់សត្វលោកទាំងមូល ដោយមិនប្រកាន់ជាតិសាសន៍ឬពណ៌សម្បុរអ្វីឡើយ។ ប៉ុន្តែលក្ខណៈពិសេសរបស់ទ្រង់ដែលគេមិនអាចចាត់ទុកទ្រង់ជាទស្សនវិទូបាននោះគឺត្រង់ សព្វញ្ញុតញ្ញាណបញ្ញាដែលជ្រាបច្បាស់សព្វសេចក្ដីមិនមានចន្លោះ ទ្រង់រកឃើញនូវសេចក្ដីទុក្ខដែលកើតមានក្នុងជីវិត នឹងហេតុដែលនាំឱ្យកើតទុក្ខ ព្រមទាំងទីដែលរំលត់ទុក្ខពោលគឺព្រះនិព្វាន។ មិនតែប៉ុណ្ណោះទ្រង់បានលះនូវអាសវកិលេសទាំងពួងមិនមានសល់តិចតួចក្នុងសន្តាន ទ្រង់មានវិជ្ជាបី និងវិជ្ជា៨ មានចរណៈ១៥ ប្រកបដោយមហាបុរិសលក្ខណ៣២ប្រការ ជាកំពូលនៃបុរសក្នុងលោក ទ្រង់ត្រូវបានគេស្គាល់ថាជាអរហន្តសម្មាសម្ពុទ្ធដែលជាសាស្ដាចារ្យនៃទេវតានិងមនុស្សទាំងឡាយ។ ដូច្នេះទ្រង់មិនមែនជាទស្សនវិទូនោះឡើយ។ ម្យ៉ាងរាល់ទស្សនវិទូទាំងឡាយ សុទ្ធតែមានកិលេសជាប់ក្រាស់ក្នុងខន្ធសន្តាន ជាបុគ្គលដែលមិនទាន់លះនូវសក្កាយទិដ្ឋិ មានការប្រកាន់មាំក្នុងទិដ្ឋិនៃខ្លួន ដោយមានះនិងឧបាទាន។ ពួកគេអាចមានបញ្ញាក្នុងកម្រិតមួយនិងក្នុងផ្នែកមួយប៉ុណ្ណោះ។ ប៉ុន្តែព្រះសម្ពុទ្ធមិនដូចគ្នាឡើយ បញ្ញារបស់ទ្រង់គ្មានដែនកំណត់ ឧបមាដូចជាសមុទ្រដែលគេមិនអាចរាប់ដឹងនូវបរិមាណនៃទឹកដូច្នោះ ជាញាណសាគរ ដឹងនូវសាគរទាំង៤ មានជលសាគរ សំសារសាគរ នយសាគរ។ បើទ្រង់អស្ចារ្យវិសេសដូច្នោះ តើនឹងគួររាប់បានដូចម្ដេច ថាទ្រង់ជាទស្សនវិទូ? ម្យ៉ាងរាល់ពុទ្ធោវាទដែលទ្រង់ត្រាស់សម្ដែងមិនមែនជាពាក្យសំដីដែលកើតចេញពីការត្រិះរិះ អង្គុយគិតច្បល់ៗ ឬកាត់ន័យតាមការយល់ឃើញ ក៏ដូចជាបទពិសោធនៃខ្លួន បញ្ញាដែលទ្រង់សម្ដែងនោះ គឺកើតពីការត្រាស់ដឹង ជាបញ្ញាដែលយល់ច្បាស់ចាក់ធ្លុះនូវសច្ចធម៌ មិនមែនជាបញ្ញាដែលកើតចេញពីទិដ្ឋិនៃខ្លួនឡើយ។
លោកវិទូប្រែថាជាអ្នកជ្រាបច្បាស់នូវលោកនេះគឺជាអ្នកដឹងច្បាស់នូវលោកទាំងបីគឺ កាមលោក១ រូបលោក១ និងអរូបលោក១ និងមានន័យមួយផ្សេងទៀតថា លោកបីគឺ សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឱ្យមានដូចជា ទឹក ដី ភ្លើង ខ្យល់ ឈើ ស្មៅ វល្លិជាដើម១ សត្តលោក ឬសត្វលោក សត្វលោកទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី អាកាសលោក គឺប្រទេសដែលជាចន្លោះធេងទទេ១ ។ លើសពីនេះទៀត លោកវិទូជាអ្នកជ្រាបច្បាស់នូវធម៌ទាំង៩ទៀតគឺៈ អធ្យាស្រ័យ១ ធម៌ដេកត្រាំក្នុងសន្ដាន១ ការសន្សំប្រព្រឹត្តជាប្រក្រតី១ ចំណង់ចំណូលចិត្ត១ ធូលីតិចឬច្រើន ក្នុងភ្នែក១ ឥន្ទ្រិយចាស់ក្លា ឬទន់ខ្សោយ១ អាការៈល្អឬអាក្រក់១ បញ្ញាក្រាស់ឬស្ដើង១ និងសត្វដែលមានភព្វឬឥតភព្វ១។
ដូច្នេះព្រះពុទ្ធមិនមែនជាទស្សនវិទូ ប៉ុន្តែទ្រង់ជាលោកវិទូ ជាអ្នកជ្រាប់នូវត្រៃលោក ដែលបុរសក្នុងលោកនេះ គ្មានបុរសណាមួយប្រៀបប្រដូចបានឡើយ។
រក្សាសិទ្ធិដោយ អត្ថបទជីវិត
My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/.dhamma.monk
_ YOUTUBE : youtube.com/